លោក T.Harv Eker ប្រើពេលតែ
២ឆ្នាំកន្លះប៉ុណ្ណោះ ដើម្បីប្រែក្លាយខ្លួនជាមហាសេដ្ឋី ហើយបច្ចុប្បន្នលោក
ជាពាណិជ្ជករ វាគ្មិន គ្រូបណ្តុះបណ្តាលផ្នែកចិត្តសាស្រ្ត និងជាអ្នកនិពន្ធផងដែរ។
សៀវភៅដែលលោកនិពន្ធ និងលក់ជាងគេ ជាប់លេខ ១ នៅសហរដ្ឋអាមេរិក ដែលមានមានចំណងជើងថា “Secrete
of The Millionaire Mind” ហើយសៀវភៅនេះបានលក់អស់ជាង
១លានក្បាល។ សិក្ខាសិលាដែលលោកបានបង្កើតឡើង បានទទួលជោគជ័យទូទាំងពិភពលោកនោះ
មានឈ្មោះថា Millionaire Mind Intensives។ ពាណិជ្ជកម្ម
កម្ពុជា សូមលើកយកផ្នត់គំនិតមួយចំនួនរបស់លោក T.Harv Eker មកចែករំលែកដល់ ប្រិយមិត្តអ្នកអាន
ដូចខាងក្រោម៖
១) អ្នកមានប្រើលុយឲ្យធ្វើការ អ្នកក្រធ្វើការដើម្បីលុយ៖ អ្នកមានយកលុយ
ទៅវិនិយោគក្នុងអាជីវកម្មផ្សេងៗ ហើយលុយទាំងនោះ អាចបង្កើតលុយបានកាន់តែច្រើនថែមទៀត
តែផ្ទុយទៅវិញ ចំពោះអ្នកក្រខំធ្វើការរកលុយ មួយថ្ងៃៗយ៉ាងមមាញឹក
តែជីវិតនៅតែ មិនអាចផ្លាស់ប្តូរស្ថានភាពលំបាកបាន ហើយអ្នកក្រនៅតែមានផ្នត់គំនិតថា
រកប្រាក់សម្រាប់ចាយវាយប្រចាំថ្ងៃតែប៉ុណ្ណោះ។
២) ជីវិតមានតែឆន្ទៈធ្វើអ្វីស្រួលៗ គឺជាជីវិតដែលគ្មានភាពជោគជ័យ៖ លោកអ្នកនឹងមិនអាចទទួលបានរបស់ល្អ
ឬជោគជ័យដ៏ធំធេង នោះទេបើលោកអ្នកធ្វើកិច្ចការតូចតាច និងងាយស្រួលនោះ
ព្រោះជោគជ័យធំគឺបានមកដោយសារលោក អ្នកមានគោលដៅច្បាស់ លាស់់និងចង់សម្រេចគោលបំណងនោះយ៉ាងខ្លាំង បូករួមទាំងការខិតខំ និងឆន្ទៈយ៉ាងមុះមុតផងដែរ
ពោលគឺ បើលោកអ្នកធ្វើអ្វីមួយ ទៅតាមទម្លាប់ស្រួលៗនោះ ជីវិតរបស់លោកអ្នក
ក៏មិនអាចកែប្រែពីអតីតកាល
ហើយកុំរំពឹងថាជីវិតលោកអ្នកនឹងទទួលបានជោគជ័យ នៅថ្ងៃអនាគតឲ្យសោះ។
៣) យកក្តីសុបិនមកធ្វើជាការពិត ទើបដឹងពីអ្វីដែលខ្លួនត្រូវការ៖ បើលោកអ្នកប្រាថ្នាចង់បានអ្វីមួយ
អ្នកត្រូវតែបង្ហាញក្តីស្រលាញ់ របស់នោះ ឲ្យខ្លាំងចេញពីចិត្ដរបស់លោកអ្នក ហើយប្រើក្តីស្រមៃឃើញរូបភាពនៃរបស់នោះ
ដូចជាលោកអ្នកកំពុងមានរបស់នោះពិតៗ នៅពេលនេះ ព្រោះការធ្វើបែបនេះ
នឹងជម្រុញចិត្ដរបស់លោកអ្នក ឲ្យចង់បានវាកាន់តែខ្លាំង នោះលោកអ្នកប្រាកដខ្នះខ្នែង
ស្វែងរកនូវ មធ្យោបាយ ដើម្បីសម្រេចក្ដីប្រាថ្នាឲ្យបានជាក់ជាមិនខាន។
៤) ត្អួញត្អែរ ជាដំណើររាំងស្ទះនៃភាពជោគជ័យ៖ អារម្មណ៍នឿយហត់
ធុញទ្រាន់ ឬមិនអាចធ្វើអ្វីមួយបានគឺការត្អូញត្អែររបស់លោក អ្នកហើយវានឹងរារាំងចិត្តគំនិតរបស់លោកអ្នក មិនឲ្យធ្វើអ្វីមួយទៅមុខរួច
ប៉ុន្តែវាគ្រាន់តែជាលេសមួយដែលថា មិនអាចធ្វើទៅរួចតែ ប៉ុណ្ណោះ
ព្រោះលោកអ្នកដឹងហើយថាគ្មានកិច្ចការអ្វីមួយ ដែលមិនអាចធ្វើទៅរួចនោះទេគ្រាន់តែវាតម្រូវឲ្យលោកអ្នកប្រើរយៈពេលយូរ តែប៉ុណ្ណោះ។
៥) សម្លឹងទៅរកគោលដៅហើយ ត្រូវដើរសំដៅទៅរកវា៖ លោកអ្នកត្រូវតែបង្កើតគោលដៅឲ្យបានច្បាស់លាស់
ព្រោះថាគោលដៅ ជាពន្លឺសម្រាប់ជីវិតលោកអ្នក និង ជាក្តីសុបិនដែលតែងតែដក់ជាប់ក្នុងចិត្ត
របស់លោកអ្នកជានិច្ច ហើយលោកអ្នកមិនមែនគ្រាន់តែ កំណត់គោលដៅនោះទេ
លោកអ្នកត្រូវតែមានឆន្ទៈធ្វើវា និងមានការតាំងចិត្តធ្វើគ្រប់យ៉ាងដើម្បីសម្រេចគោលដៅ
មិនថាប្រើរយៈពេល យូរប៉ុណ្ណានោះទេ។
៦) កុំរស់នៅដើម្បីតែខ្លួនឯង ត្រូវចែករំលែកទៅអ្នកដ៏ទៃផង៖ ការរស់នៅប្រាស្រ័យទាក់ទងគ្នា
ជាការបង្កើតនូវចំណងមិត្តភាពសម្រាប់ ការរស់នៅរបស់លោកអ្នក ពោលគឺថា
លោកអ្នកត្រូវតែចេះជួួយចែករំលែក ទៅអ្នកដ៏ទៃតាមលទ្ធភាពដែលអាចធ្វើទៅបានព្រោះថា គ្រប់ជីវិតលើភពផែនដីនេះ មិនអាចរស់នៅដោយឯកោរបាននោះទេ ហើយម្យ៉ាងវិញទៀត
ការចេះជួយរំលែកដល់អ្នកដ៏ទៃប្រាកដ ណាស់នឹងទទួលបាន ការតបស្នងមកលោកអ្នកជាក់ជាពុំខាន៕