ថ្វីត្បិត​តែ​អាជីវករ​ខ្នាត​តូច​ និង សហគ្រិន​ធ្វើ​អាជីវកម្ម​ដូចគ្នា​ក៏​ពិតមែន ប៉ុន្តែ​អ្វី​ដែល​គេ​រក​ឃើញ​នោះគឺ​​ថា បុគ្គល​ទាំង​ពីរ​ប្រភេទ​នេះ ​​មាន​ចំណុច​ខុសគ្នា​ជា​ច្រើន​គួរឲ្យ​កត់​សម្គាល់​ទាំង​ការ​គិត ​យុទ្ធសាស្ត្រ ឬ សកម្មភាព​នានា​របស់​​អាជីវកម្ម​​។ល។ ដោយ​មិន​ទៅ​ណា​ឆ្ងាយ​ នៅ​ថ្ងៃ​នេះ​គេហទំព័រ​សេដ្ឋកិច្ច TheBNEWS សូម​ណែនាំ​ប្រិយមិត្ត​ស្វែង​យល់​ពី​ចំណុច​ខុសគ្នា​មួយ​ចំនួន ​រវាង​អាជីវករ​ខ្នាត​តូច និង សហគ្រិន​ ដែល​មាន​ជា​បន្តបន្ទាប់​ដូច​ខាងក្រោម៖​​

គំនិត​របស់​របស់​អាជីវករ​ខ្នាត​តូច​

អាជីវករ​ខ្នាត​តូច​​​មាន​គំនិត​ល្អៗ ​ច្រើន​ហើយ​សម្លឹង​មើល​គន្លឹះ​នានា ​​ដោះស្រាយ​បញ្ហា​អាជីវកម្ម​តែ​នៅ ​ក្នុងសហគមន៍​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។   អ្វី​ដែល​ពិសេស​នោះ​គឺ​​ពួកគេ​អាច​សម្លឹង​ឃើញ​​ពី​ប្រភេទ​អាជីវកម្ម​ដែល​ឆ្លើយតប​ចំៗ​​ទៅ​ នឹង​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​​របស់​អតិថិជន​តែម្តង និង​ជឿជាក់​ថា​​អាជីវកម្ម​របស់​ពួកគេ​នឹង​អាច​ធ្វើ​ឲ្យ​អតិថិជន​ពេញ​ចិត្ត។

គំនិត​របស់​សហគ្រិន

ងាក​មក​មើល​គំនិត​​របស់​សហគ្រិន​វិញ បើ​ប្រៀបធៀប​ទៅ​នឹង​អាជីវករ​​ខ្នាត​តូច​ គឺ​ខុស​គ្នា​ខ្លាំង​ណាស់ ពោល​គឺ​សហគ្រិន​មាន​​​ក្តី​ស្រមៃ​​ និង មហិច្ឆតា​ខ្ពស់​ហួស​ពី​មនុស្ស​ដទៃ។ ក្តី​ស្រមៃ និង មហិច្ឆតា​របស់​សហគ្រិន​ គឺ​ជា​អ្វី​ដែល​អ្នក​ដទៃ​មិន​ធ្លាប់​ឆ្លងកាត់ ឬ​ គ្មាន​​អ្នកណា​ម្នាក់​ធ្លាប់​សាកល្បង​​អនុវត្ត​ក្តី​ស្រមៃ និង មហិច្ឆតា​​នោះ​នៅ​ពេល​កន្លង​មក។ មាន​ពេល​​​ខ្លះ​​ពួកគេ​​មិន​ដឹង​ថា​មហិច្ឆតា​របស់​ខ្លួន​​ធ្វើ​ឲ្យ​អ្នក​ដទៃ​គិត​ថា​មិន​អាច​ទៅ​រួច នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​សហគ្រិន​​​គួរឲ្យ​ចាប់អារម្មណ៍។​​​

 អាជីវករ​ខ្នាត​តូច​​សម្លឹង​មើល​​លទ្ធផល​​​​​​​​
សម្រាប់​​អាជីវករ​ខ្នាត​តូច​​វិញ ​​ពួកគេ​ចូលចិត្ត​ចង់​ដឹង​អ្វី​ដែល​នឹង​កើត​មាន​នៅ​ពេល​បន្ទាប់​ភ្លាមៗ និង មាន​ប្រភព​មក​ពី​ណា ហើយ​បង្កើត​​ការ​សម្រេចចិត្ត​មួយ​ដើម្បី​ទទួល​បាន​​ផ្លែផ្កា​មួយ​​យ៉ាង​ច្បាស់លាស់។ លទ្ធផល​របស់​ពួកគេ​មិន​ធំ​ដុំ​នោះ​ឡើយ ប៉ុន្តែ​អាច​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​ពួកគេ​បោះ​ជំហាន​ទៅ​មុខ​ជានិច្ច។ 

សហគ្រិន​​សម្លឹង​មើល​ហានិភ័យ​
សម្រាប់​សហគ្រិន​វិញ ​ខ្លួន​បាន​ចាត់ទុក​ថា​ ហានិភ័យ​​​​​​គឺ​ជា​ថ្នាំប៉ូវ​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​ខ្លួន​កាន់តែ​រឹងមាំ​ឡើង និង មាន​ឱកាស​រីកចម្រើន​​កាន់តែ​ច្រើន។ សហគ្រិន​​​ជួបប្រទះ​ហានិភ័យ​ច្រើន​ជាង​អាជីវករ​​ខ្នាត​តូច ប៉ុន្តែ​ជា​ទូទៅ​ភាព​ជា​​សហគ្រិន​មិន​ចុះ​ចាញ់​ជា​ដាច់ខាត ហើយ​​យល់​ថា​ការ​ខិតខំ​ប្រឹងប្រែង​ និង ការ​ព្យាយាម​អាច​​​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​ខ្លួន​បោះ​ជំហាន​​ទៅ​មុខ​ជានិច្ច។

អាជីវកម្ម​​ខ្នាត​តូច​​​​​​សម្លឹង​មើល​លទ្ធផល​​ក្នុង​រយៈ​ពេល​ខ្លី

និយាយ​ពី​​លទ្ធផល​​របស់​អាជីវករ​ខ្នាត​តូច​​វិញ បាន​ផ្ដោត​ទៅ​លើ​តែ​យុទ្ធសាស្ត្រ ឬ វិធីសាស្ត្រ​ណា​ដែល​ធ្វើ​ឲ្យ​ខ្លួន​អាច​សម្រេច​បាន​ត្រឹមតែ​សបា្តហ៍​នេះ​តែប៉ុណ្ណោះ។ បញ្ជី​ ឬ ​គម្រោង​នានា​ដូច​ជា ការ​គ្រប់គ្រង​បុគ្គលិក ទំនាក់ទំនង​ជា​មួយ​អតិថិជន ឬ កសាង​ទំនាក់ទំនង​ជា​មួយ​អតិថិជន​ថ្មីថ្មោង​​ត្រូវ​មាន​ជា​ប្រចាំ​ ដែល​នេះ​ធ្វើ​ឲ្យ​ពួកគេ​អាច​គ្រប់គ្រង​អ្វី​​គ្រប់យ៉ាង​បាន និង បោះ​ជំហាន​ទៅ​មុខ។​​​​​​

សហគ្រិន​​សម្លឹង​មើល​​លទ្ធផល​ក្នុង​រយៈ​ពេល​វែង

ផ្ទុយ​ពី​អាជីវករ​​ខ្នាត​តូច​ សហគ្រិន​​បាន​ផ្ដោត​ទៅ​​លើ​​សមិទ្ធផល​​រយៈ​ពេល​វែង យ៉ាងហោចណាស់​ក៏​៦ ខែ​​​ទៅ​មុខ​ដែរ។ និយាយ​ឲ្យ​ងាយ​យល់​គឺ​​​ប្រមើល​​មើល​​ជោគវាសនា​របស់​ក្រុមហ៊ុន​​នៅ​ពេល​អនាគត​​ជា​សំខាន់។ ក្រុម​ការងារ​របស់​សហគ្រិន នឹង​​ស្វែង​រក​យុទ្ធសាស្ត្រ​ថា ​តើ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​នៅ​ពេល​នោះ? តើ​សមិទ្ធផល​ត្រូវ​​​សម្រេច​ឲ្យ​បាន​​ដល់​កម្រិត​ណា? មាន​បុគ្គលិក​​ជា​ច្រើន​នឹង​គ្រប់គ្រង ឬ ទទួល​ខុសត្រូវ​គម្រោង​អាជីវកម្ម​ទាំង​នោះ ហើយ​បើ​គ្មាន​ទេ សហគ្រិន​នឹង​រក​​មនុស្ស​​ដែល​មាន​សមត្ថភាព​មក​​បំពេញ​ការងារ​បេសកកម្ម​នេះ​​ភ្លាមៗ​ដោយ​មិន​បង្អែបង្អង់​នោះ​ឡើយ។


អាជីវករ​ខ្នាត​តូច​​មាន​មនោសញ្ចេតនា​ខ្ពស់​លើ​អាជីវកម្ម​របស់​ខ្លួន
ទន្ទឹម​នឹង​មាន​មហិច្ឆតា​​តូចតាច និង ការ​គិត​ក្នុង​រយៈ​ពេល​ខ្លី គេ​បាន​រក​ឃើញ​ជា​ទូទៅ​ថា អាជីវករ​​ខ្នាត​តូច​​​មិន​បាន​ធ្លាប់​គិត​ថា​ មាន​គម្រោង​ចង់​​លក់ ឬ ប្រគល់​អាជីវកម្ម​របស់​ខ្លួន​ទៅ​ឲ្យ​បុគ្គល​ណា​ផ្សេង​ណាស់ លើកលែង​តែ​គ្រួសារ​របស់​ខ្លួន។ ពួកគេ​រីករាយ​ក្នុង​ការ​​គ្រប់គ្រង និង ប្រកបរបរ​អាជីវកម្ម​របស់​ខ្លួន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ដោយ​ពេញចិត្ត​ជា​ទីបំផុត​។​​​​​​​​

សហគ្រិន​ផ្ដោត​លើ​​ឱកាស​បោះជំហាន​ទៅ​មុខ​កាន់តែ​ធំ​ឡើង
ចំពោះ​សហគ្រិន​ ពេល​ខ្លះ​ក៏​មាន​មនោសញ្ចេតនា​ខ្ពស់​ដល់​​អាជីវកម្ម​របស់​ខ្លួន​ដែរ ពោល​គឺ​មិន​ច​លក់ ឬ ប្រគល់​ទៅ​ឲ្យ​អ្នក​ណា​ផ្សេង​នោះ​ដែរ ត្បិតអី​ខ្លួន​យល់​ថា​ការ​​គ្រប់គ្រង និង ដឹកនាំ​ក្រុមហ៊ុន​ដោយ​ខ្លួន​ឯង គឺ​ជា​រៀង​ចាំបាច់​បំផុត​។ ប៉ុន្តែ​អ្វី​ដែល​ខុស​ពី​អាជីវករ​ខ្នាត​តូច​នោះ​គឺ​ថា សហគ្រិន​ចង់​ឲ្យ​អាជីវកម្ម​របស់​ខ្លួន​រីក​លូតលាស់​កាន់តែ​ធំ​ឡើង​គ្មាន​ដែន​កំណត់​ជា​មួយ​នឹង​ធនធាន​មនុស្ស​ជំនាញៗសម្រាប់​ដឹកនាំ​ក្រុមហ៊ុន​​​​។ នៅ​អាមេរិក គេ​ត្រូវ​ការ​​អាជីវករ​​ខ្នាត​តូច​​ឲ្យ​​គ្រប់គ្រង​​សេដ្ឋកិច្ច​របស់​ខ្លួន ខណៈ​ដែល​សហគ្រិន​វិញ​ជា​អ្នក​ជំរុញ​សេដ្ឋកិច្ច​ឲ្យ​លូត លាស់​ទៅ​មុខ​។ ប៉ុន្តែ​​អ្វី​ដែល​សំខាន់​នៅ​ពេល​នេះ​នោះ​គឺ​ថា តើ​ប្រិយមិត្ត​​អ្នក​ចង់​ធ្វើ​ជា​អាជីវករ​ខ្នាត​តូច​ ឬ សហគ្រិន?
Labels:

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.