នៅក្នុងការប្រកបអាជីពអ្វីក៏ដោយ
លោកអ្នកត្រូវតែមានជំនាញពីរប្រភេទគឺ «ជំនាញទន់» និង «ជំនាញរឹង» ដែលភាសាអង់គ្លេសហៅថា hard skills និង soft
skills។ នៅក្នុងទំព័រនេះ សូមនិយាយតែអំពីជំនាញទន់
ដែលជាជំនាញសំខាន់បន្ថែមពីលើជំនាញអាជីព។
សូមអស់លោកអ្នកកុំគិតថាជំនាញទន់មិនសំខាន់ឲ្យសោះ ព្រោះកន្លងមក គេសង្កេតឃើញថាអ្នកខ្លះរៀនចប់បរិញ្ញាបត្រ
ឬបរិញ្ញាបត្រជាន់ខ្ពស់ ក៏មិនបំពេញការងារប្រកបដោយប្រសិទ្ធភាព ១០០%
ដែរប្រសិនបើខ្វះជំនាញទន់។ សូមបញ្ជាក់ថាជំនាញទន់នេះ
អ្នកខ្លះមានអំណោយផលពីកំណើតតែម្ដង ប៉ុន្តែអ្នកដែលមិនមានពីកំណើត
ក៏អាចពង្រឹងជំនាញទាំងនេះបានដូចគ្នា។
១- ជំនាញខាងទំនាក់ទំនង (communication skills) ៖ មិនថាលោកអ្នកចាប់អាជីពជាអ្វី
ធ្វើការនៅក្នុងការិយាល័យ ឬនៅទីសាធារណៈនោះទេ
ការទំនាក់ទំនងជាមួយមនុស្សទូទៅពិតជាជំនាញសំខាន់ដែលមិនអាចខ្វះបាន។
មិនអាចខ្វះបានដើម្បីចាប់អាជីពដោយជោគជ័យ។ អ្នកខ្លះរៀនសូត្រចេះដឹង
មានសមត្ថភាពធ្វើការគ្រប់គ្រាន់ ប៉ុន្តែមិនសូវប្រសប់និយាយ
ឬនិយាយទៅគេស្ដាប់ទៅរាងភ្លាវ មិនសូវចូលត្រចៀកគេ។
មកពីមិនមានជំនាញខាងទំនាក់ទំនងនៅក្នុងខ្លួន។ ទំនាក់ទំនងនៅក្នុងន័យនេះមិនសំដៅតែទៅលើការនិយាយច្រើន
ឬពូកែនិយាយបូរបាច់ប៉ុណ្ណោះទេ។
ពោលគឺការនិយាយដែលមានអនុភាពទាក់ទាញចំពោះអ្នកស្ដាប់។
ប្រសិនបើគេនិយាយអំពីអាជីពនយោបាយ
អ្នកនយោបាយត្រូវតែពូកែផ្នែកវោហារ ដោយមិនប្រកាន់ថានិយាយខុស
ឬនិយាយត្រូវទេ។ សំខាន់និយាយដោយទំនុកចិត្ត។
២- ជំនាញខាងចាត់ចែង រៀបចំឲ្យមានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ
និងជំនាញខាងគ្រប់គ្រង (organization and management) ៖ នៅពេលលោកអ្នកមានជំនាញនេះនៅក្នុងខ្លួន
វាធ្វើឲ្យមនុស្សមានស្មារតីទទួលខុសត្រូវ និងស្គាល់តួនាទីរបស់ខ្លួនត្រូវធ្វើអ្វី។
ម្យ៉ាងទៀត វាជួយឲ្យមនុស្សអនុវត្តផែនការណ៍
និងការងារប្រចាំថ្ងៃប្រកបដោយប្រសិទ្ធខ្ពស់។ ពុំនោះទេ
ការងារនោះមានលក្ខណៈរាត់រាយ គ្មានវិន័យ គ្មានសណ្ដាប់ធ្នាប់ គ្មានរបៀបរៀបរយ
ឬភាសាសាមញ្ញាហៅថា «ឆ្គង»។ ក្នុងនាមជាបុគ្គលដែលមានរបៀបរៀបរយ
មានន័យថាគេគោរពពេលវេលា – ពេលធ្វើការ ត្រូវផ្ដោតការងារជាសំខាន់
ជាជាងយកម៉ោងការងារទៅធ្វើអ្វីមួយក្រៅសាច់ការ
ដូចជានិយាយទូរស័ព្ទរាប់ម៉ោង។ល។
ជំនាញគ្រប់គ្រងក៏រឹតតែសំខាន់ទៅទៀត។
នៅពេលបុគ្គលម្នាក់មានជំនាញគ្រប់គ្រងនៅក្នុងខ្លួន
គេអាចគ្រប់គ្រងអ្វីៗគ្រប់យ៉ាងឲ្យមានសណ្ដាប់ធ្នាប់
និងប្រព្រឹត្តទៅដោយរលូន។ គ្រប់គ្រងនៅក្នុងន័យនេះ
គឺចាប់ផ្ដើមពីខ្លួនឯង។ កុំទាន់ឈានទៅគ្រប់គ្រងអ្នកដទៃ
សំខាន់គឺគ្រប់គ្រងខ្លួនឯងឲ្យតែបានសិនទៅ។ គ្រប់គ្រងខ្លួនឯងមានដូចជា ៖
១- គ្រប់គ្រងសុខភាពខ្លួនឯង ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត។ ២-
គ្រប់គ្រងធនធាន គ្រប់គ្រងពេលវេលា គ្រប់គ្រងការងារ។ល។
ប្រសិនបើបុគ្គលម្នាក់គ្មានជំនាញខាងចាត់ចែងឲ្យមានរបៀបរៀបរយ
និងជំនាញខាងគ្រប់គ្រងទេ ទោះបីអ្នកនោះមានចំណេះវិជ្ជាជ្រៅជ្រះក្នុងវិស័យអ្វីមួយ
ក៏បំពេញការងារមិនមានប្រសិទ្ធភាព ១០០%
ព្រោះកុំភ្លេចពាក្យចាស់បុរាណមួយឃ្លា «ដំរីជើងបួនគង់មានភ្លាត់
អ្នកប្រាជ្ញចេះស្ទាត់គង់មានភ្លេច»។
៣- ជំនាញចរចាបញ្ចុះបញ្ចូល និងសម្របសម្រួល (negotiation) ៖ នៅក្នុងពេលសម្ភាសការងារ
ប្រសិនបើអ្នកណាពូកែខាងផ្នែកនេះ
អាចអន្ទងចិត្តនិយោជកឲ្យទទួលយកលោកអ្នកចូលបម្រើការងារនៅក្នុងអង្គភាពរបស់គេ។
លោកអ្នកអាចសុំបានប្រាក់ខែខ្ពស់
និងទទួលបានមុខតំណែងល្អអាស្រ័យដោយសារជំនាញនេះ។ នៅក្នុងមុខរបររកទទួលទាន
អ្នកខ្លះអាចទិញទំនិញបានថោក អាស្រ័យដោយសារគេពូកែតថ្លៃ។ គេពូកែតថ្លៃ
ដោយសារគេមានជំនាញខាងចរចាបញ្ចុះបញ្ចូល។
៤- ជំនាញខាងវិភាគស៊ីជម្រៅ (critical thinking)៖ ជំនាញនេះជួយឲ្យលោកអ្នកមើលឃើញបញ្ហាដែលកើតមានចំពោះមុខ និងរិះរកដំណោះស្រាយទុកជាមុន ដើម្បីជៀសវាង «ទឹកលិចដល់ច្រមុះហើយ ទើបខំប្រវេប្រវារកគ្រាបន្ទាល់»។ ក្រៅពីនេះ លោកអ្នកក៏អាចមានគំនិតច្នៃប្រឌិតថ្មីៗ ហើយមិនសូវចម្លងគំនិតពីគេ។ បើទុកជាចម្លងពីគេក៏មិនចម្លងទាំងដុលដែរ ព្រោះចេះកែច្នៃ និងសំយោគ បង្កើតគំនិតថ្មី។
៥- ជំនាញខាងសហការគ្នាក្នុងអង្គភាព
និងជំនាញខាងដឹកនាំក្រុម (teamwork and delegation) ៖ ការងារមួយអាចចេញជាលទ្ធផលល្អ
អាស្រ័យដោយសារបុគ្គលិកក្នុងអង្គភាពចេះសហការគ្នា ធ្វើការស៊ីសង្វាក់គ្នា (teamwork)។ ប្រសិនបើនៅក្នុងអង្គភាពមួយ មនុស្សធ្វើការគ្មានឯកភាពគ្នា
មិនចេះយល់ចិត្តគ្នា នោះការងារមិនអាចប្រព្រឹត្តទៅដោយរលូន
និងមិនអាចទទួលលទ្ធផលឆាប់រហ័សទាន់ពេលវេលាទេ។
៦- ជំនាញខាងស្រាវជ្រាវ និងវិភាគទិន្នន័យ (research and analysis)
៖ ការនិយាយអ្វី
ឬប្រកបអាជីពអ្វីដោយគ្មានការស្រាវជ្រាវ និងវិភាគឲ្យបានល្អិតល្អន់ទេ
អាចមិនសូវជោគជ័យទេ ព្រោះធ្វើទៅព្រាវៗ ឬគិតស្មានៗ
ប្រាសចាកអ្វីដែលកើតមាននៅក្នុងទិដ្ឋភាពជាក់ស្ដែង។ ជំនាញខាងស្រាវជ្រាវ
និងវិភាគទិន្នន័យនេះហើយ ដែលនាំឲ្យគេអាចស្រាវជ្រាវឃើញរបកគំហើញថ្មីៗ
និងអាថ៌កំបាំងថ្មីៗ។
៧- ការពង្រឹងទំនុកចិត្តលើខ្លួនឯង (confidence) ៖ ទោះបីជាលោកអ្នកនៅមានគោលជំហរទន់ជ្រាយចំពោះខ្លួនឯងយ៉ាងណាក្ដី ក៏គួរតែខំព្យាយាមពង្រឹងជំនាញនេះឲ្យបានខ្លាំង។ ការធ្វើអ្វីប្រកបដោយទំនុកចិត្ត វាជាគន្លឹះសំខាន់ខ្លាំងណាស់សម្រាប់នាំឆ្ពោះទៅរកជោគជ័យ។ អស់លោកខ្លះមានទំនោរទៅរកភាពអវិជ្ជមាន។ នៅពេលដែលចាប់ផ្ដើមធ្វើអ្វីមួយ មិនទាន់ដឹងលទ្ធផលយ៉ាងណាផង ក៏ថ្លែងរឿងអស់សង្ឃឹមទុកមុន ឬមានគំនិតទុទ្ទិដ្ឋិនិយមទុកមុន។ ធ្វើរបៀបនេះ នាំឲ្យមនុស្សអស់អារម្មណ៍ ឬអស់ទឹកចិត្តនឹងប្រឹង។ ដូចនេះ ទោះបីលទ្ធផលទៅជាយ៉ាងណាក៏ដោយ សំខាន់ត្រូវលោកអ្នកមានទំនុកចិត្តលើខ្លួនឯងជានិច្ច ថាត្រូវតែធ្វើឲ្យចេញជាលទ្ធផល ហើយតស៊ូដល់គ្រាបញ្ចប់៕