កូន​ខ្មែរ​មួយ​ចំនួន​​មិន​ទាន់​យល់​ច្បាស់​ពី​អត្ថន័យ​ និង ចែក​ឲ្យ​ដាច់​រវាង​ពាក្យ​ថា​ សុភាវធម៌ សុជីវធម៌ សីលធម៌​ និង គុណធម៌។ មានអ្នកខ្លះគ្រាន់តែលឺគេថា និងកាត់ន័យតាមការយល់ដោយខ្លួនឯង ហើយយកទៅប្រើដោយមិនយល់ន័យច្បាស់លាស់ទៀតផង។

អ្វី​ទៅ​ដែល​ហៅ​ថា​សុភាវធម៌?
    សុភាវធម៌=សុ (ល្អ ប្រពៃ ប្រសើរ) + ភាវ (ភាព) + ធម៌ (ឧិវាទ ក្រឹត្យក្រម ពាក្យ​ទូន្មាន​ណែនាំ ច្បាប់ វិន័យ)
សុភាវធម៌ មានន័យថា ជា​ក្រឹត្យ​ក្រម ច្បាប់​វិន័យ​អប់រំ ដើម្បី​អោយ​មនុស្ស មាន​ដំណើរ​ក្នុង​ភាព ​ជា​មនុស្ស​ល្អ​ប្រពៃ ប្រសើរ។ ហើយ​សុភាវធម៌ ចែក​ចេញ​ជា​បី​​គឺ សុជីវធម៌ សីលធម៌ និង​គុណធម៌។

អ្វី​ទៅ​សុជីវធម៌​?
    សុជីវធម៌ = សុ (ល្អ ប្រពៃ ប្រសើរ) + ជីវ (ជីវិត) + ធម៌(ឧិវាទ ក្រឹត្យ​ក្រម ច្បាប់ វិន័យ ពាក្យ​ទូន្មាន​ណែនាំ)

សុជីវធម៌ សំដៅ​ទៅ​លើ​ច្បាប់​អប់រំ​ខ្លួន ដើម្បី​រក្សា​ដំណើរ​ជីវិត អោយ​ប្រពៃ​សមសួន។ សុជីវធម៌ មាន​រួម​បញ្ចូល​នូវ​ការ​អប់រំ​ផ្សេងៗដូចជា ៖
·                ការ​ប្រើ​ពាក្យពេចន៍ និង​ការ​ប្រព្រឹត្ត​កិរិយា អោយ​សម​សួន តាម​វ័យ ​ឋានៈ និង​​ទីកន្លែង ជាដើម
·                ការ​រៀន​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​នាទី​របស់​ខ្លួន​
·                ការ​ទទួល​ស្គាល់​ដឹង​ថា ខ្លួន​ជា​ផ្នែក​មួយ​នៃ​សង្គម ត្រូវ​ស្គាល់​ច្បាប់​ទម្លាប់ និង​វិន័យ ដែល​មាន​ចែង សម្រាប់​រក្សា​សណ្ដាប់​ធ្នាប់ វិន័យ ​និង​របៀប​រៀបរយ ក្នុង​គ្រួសារ ឬ​ក្នុង​សង្គម។

តើ​អ្វី​ទៅ​សីលធម៌​?
    កន្លងមក ខ្មែរ​យើង​ខ្លះ ចំណាំ​នាំ​គ្នា​ប្រើ​ពាក្យ​នេះ តាម​សម័យ​ប៉ុលពត ដែល​គេ​ប្រើ​ពាក្យ​នេះ ​សំដៅ​ទៅ​លើ ចំណង​រវាង​បុរស​និង​ស្ត្រី។ តែ​ពេល​នេះ យើង​សិក្សា​អំពី​អត្ថន័យ​ពិត​ប្រាកដ​ របស់​ពាក្យ​សីលធម៌។
 
    សីលធម៌ = សីល (ដំណើរ​ប្រព្រឹត្ត វៀរ​ចាក​អំពើ​បាប ឬ​អំពើ​អាក្រក់) + ធម៌ (ឧិវាទ ក្រឹត្យ​ក្រម ច្បាប់ វិន័យ ពាក្យ​ទូន្មាន​ណែនាំ)
សីលធម៌ សំដៅ​ទៅ​លើ វិន័យ​ក្រឹត្យ​ក្រម សម្រាប់​អប់រំ​ខ្លួន អោយ​ប្រព្រឹត្ត កាយ វាចា ចិត្ត វៀរ​ចាក​នូវ​អំពើ​បាប ឬ​អំពើ​អាក្រក់។           តើ​សីលធម៌​មាន​អ្វីខ្លះ?
នៅ​ក្នុង​ព្រះពុទ្ធ​សាសនា ជន​សាមញ្ញ​ទូទៅ ហោច​ណាស់ ត្រូវ​រៀន កាន់​ក្រឹត្យ​ វិន័យ​អោយ​បាន​ប្រាំ​សាខា ធំ​ៗ គឺ ៖
·                មិន​គិត មិន​ប្រព្រឹត្ត អំពើ ពាលា យាយី រំខាន ជីវិត ឬ​សេចក្ដី​សុខ របស់​ខ្លួន ឬ របស់​អ្នក​ដទៃ ដោយ កាយ វាចា ចិត្ត និង​គំនិត។
·                មិន​លួច​កេង​ប្រវ័ញ្ច លើ​អ្នក​ដទៃ ដើម្បី​ប្រយោជន៍ របស់​ខ្លួន ដោយ​ការ​ប្រព្រឹត្ត ទាំង កាយ វាចា ចិត្ត និង​គំនិត
·                មិន​ភូតភរ កុហក​បោក​ប្រាស់ មិន​បំផ្លើស​ការពិត អោយ​កើតមាន សៅហ្មង ឬ អន្តរាយ
·                មិន​សេព​គ្រឿងស្រវឹង ដែល​ធ្វើ​អោយ​បាត់​សតិ​ស្មារតី លែង​ស្គាល់ ខុសត្រូវ ល្អ​អាក្រក់ សុចរិត ទុច្ចរិត
·                មិន​ប្រព្រឹត្ត​ខុស នៅ​ក្នុង​វិន័យ​ផ្លូវ​ភេទ មិន​ក្បត់​ភក្ដី​ភាព ចំពោះ​ស្វាមី​ភរិយា មិន​បង្ក អនាធិបតេយ្យ ផ្លូវ​ភេទ ដោយ​ប្រការ​ណា​មួយ​ឡើយ ជាពិសេស​ត្រូវ​ចេះ​រំលត់ លោភៈ​ទោសៈ​មោហៈ របស់​ខ្លួន។
តើ​គុណធម៌ ជា​អ្វី?
    គុណធម៌ = គុណ(ដំណើរ ធ្វើ​អោយ​ចម្រើនឡើង ដោយ​លក្ខណៈ ដែល​អ្នក​ដទៃ គួរ​គោរព) +ធម៌ (ឧិវាទ ក្រិត្យ​ក្រម ច្បាប់ វិន័យ ពាក្យ​ទូន្មាន​ណែនាំ)
គុណ​ធម៌​មាន​ន័យថា ជា​ការ​ប្រព្រឹត្ត អំពើ​ល្អ​ប្រសើរ ចំពោះ​អ្នក​ដទៃ ដែល​ជា​អំពើ​ ដែល​នាំ​មក​នូវ​ភាព​ចម្រុង​ចម្រើន កាន់​តែ​ច្រើន ដែល​គេ​ផង​រាល់​គ្នា គោរព កោតសរសើរ ហើយ​ក៏​មាន ទឹកចិត្ត កតញ្ញូ ​ចង់​តប​ស្នង ធ្វើ​នូវ​អំពើ​ល្អ​នោះ ត្រឡប់​ទៅ​វិញ បន្ថែម បន្ត​ទៀត ដោយ​ទឹក​ចិត្ត ជ្រះថ្លា ពី​ក្នុង​ចិត្ត ​ក្នុង​បេះដូង​របស់​គេ។ គុណធម៌ គឺ​ជា​ដំណើរ​ប្រព្រឹត្ត អំពើល្អ របស់​មនុស្ស ចំពោះ​ពលរដ្ឋ​ដទៃ​ទៀត ក្នុង​សង្គម ដូចជា សង្គម​គ្រួសារ សង្គម​ការងារ សង្គមជាតិ ជាដើម។
 
តើ​ដំណើរ​ប្រព្រឹត្ត​អំពើ​គុណធម៌ មាន​អ្វីខ្លះ​ទៅ ជាឧទាហរណ៍?
ការ​មាន​ទឹកចិត្ត ជួយ​ឈឺ​ឆ្អាល សុខ​ទុក្ខ​គ្នា ជួយ​ហុច​ដៃ ហុច​គំនិត យិត​យោង​គ្នា​ ពេល​មាន​គ្រោះ​អាសន្ន ឬ​មាន ការ​ខ្វះ​ខាត ជាដើម។
·                ការ​មិន​ឈរ​មើល​បំណាំ​គ្នា ចាប់​កំហុស​គ្នា ទៅ​វិញ​ទៅ​មក។
·                ការ​និយាយ​ស្ដី​លើក​កម្លាំង​ចិត្ត
·                ការ​ជួយ​ដាស់​តឿន បង្រៀន រំលឹក ណែនាំ​គ្នា
·               ការ​ដឹក​ដៃ ប្រាប់​នូវ​ប្រភព​ល្អៗ សម្រាប់​ពលរដ្ឋ ក្នុង​សង្គម​គ្រួសារ​ខ្លួន ឬ​សង្គមជាតិ អោយ​ចេះ​ជួយ​ខ្លួន​ឯង អោយ​រៀន​ស្វែង​រក​ផ្លូវ​ប្រសើរ ក្នុង​ជីវិត
·                ការ​មាន​សេចក្ដី​សណ្តោស​   មេត្តា   និង​មាន​សប្បុរសធម៌ ដល់​ពិការ​ជន ទុរគត​ជន កុមារ​កំព្រា​ ជន​ដែល​មាន​ជំងឺ​សតិ ឬ ​ចាស់​ជរា ឬ​មនុស្ស ដែល​មិន​អាច ជួយ​ខ្លួន​ឯង​បាន
·                ការ​ផ្ដល់​វិជ្ជា ការ​ថែ​ទាំ​អប់រំ ការ​រក្សា​មនុស្ស អោយ​ចាក​ផុត ពី​ការ​ប្រព្រឹត្ត អំពើ​អាក្រក់ ជាដើម។
  ហេតុដូច្នេះហើយ ​ក្នុង​នាម​ជា​កូន​ខ្មែរ​ យើង​ត្រូវ​តែ​ស្វែង​យល់​ឲ្យ​ច្បាស់​ពី​អត្ថន័យ​របស់​ពាក្យ​ទាំង​អស់​នេះ ជា​ពិសេស​ត្រូវ​រៀន​ពី​ សុភាវធម៌​ ខ្មែរ​ ដើម្បី​ខ្លួនឯង​ គ្រួសារ​និង​សង្គម​ជាតិ​ផង​ដែរ។

          ជាចុងបញ្ចប់សូម​អរគុណ​ដល់​ អ្នកស្រី កែវ ច័ន្ទបូរណ៍ ដែល​បាន​ចង​ក្រង​ឯកសារ​អំពី​សុភាវធម៌​ខ្មែរ​នេះ​ឡើង​ ដើម្បី​ជា​ប្រយោជន៍​ទៅ​ដល់​កូន​ខ្មែរ​ក្នុង​សិក្សា​ស្វែង​យល់​៕

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.