បុគ្គលដែលមានបទពិសោធន៍ ជំនាញ
ការខិតខំប្រឹងប្រែង
និងឆន្ទៈក្នុងការបំពេញការងារគឺជារឿងទូទៅមួយដែលមនុស្សទូទៅយល់ឃើញថា
អាចធ្វើសម្រេចបានភាពជោគជ័យសម្រាប់ខ្លួនឯងផង និង
សម្រាប់ស្ថាប័នផ្សេងៗទៀតផង។ យ៉ាងណាមិញ នៅក្នុងវិស័យអាជីវកម្មខ្នាតតូចថ្វីត្បិតតែបុគ្គលទាំងនេះមានសក្ដានុពល
ក៏ប៉ុន្តែអ្នកដឹកនាំអាជីវកម្ម ឬ
សហគ្រិនមិនត្រូវមើលរំលងចំណុចសំខាន់ៗចំនួន៥ ខាងក្រោមនេះនោះឡើយ។
តើអាជីវកម្មខ្នាតតូចត្រូវមានចំណុចអនុវត្តអ្វីខ្លះក្នុងអាជីវកម្មរបស់ខ្លួន?
១)បង្កើតបេសកកម្មយ៉ាងជាក់លាក់សម្រាប់ខ្លួនឯង (Set the Mission)
បេសកកម្មប្រៀបដូចជាក្បាលម៉ាស៊ីនយ៉ាងសំខាន់មួយដើម្បីដឹកនាំលោកអ្នកឆ្ពោះទៅរកគោលដៅដែលបានដៅទុកថា
ហេតុអ្វីបានជាអ្នកចង់ទៅទីនោះ? តើអ្នកត្រូវកាន់ទីនោះដោយរបៀបណា? ឬ
មានមធ្យោបាយអ្វីខ្លះដែលអាចធ្វើឲ្យអ្នកអាចសម្រេចគោលដៅរបស់អ្នកបាន?
នៅពេលដែលអ្នកមានបេសកកម្មច្បាស់លាស់ មនុស្សឯទៀត ឬ
ក្រុមការងាររបស់អ្នកនឹងមានទំនុកចិត្តអាចកសាងភាពជឿជាក់ និង
សុទិដ្ឋិនិយមបម្រើការងាររបស់អ្នកដោយឥតងាករេ។ លើសពីនេះទៅទៀត
វាក៏ជួយឲ្យមានភាតរភាព ឬ
ការសហការល្អមួយកើតមានឡើងនៅក្នុងការងារអាជីវកម្មប្រចាំថ្ងៃទៀតផង។
២) ស្វែងរកបុគ្គលិកឲ្យត្រូវនឹងការងារ (Find The Right People)
ជាទូទៅអ្នកប្រហែលជាគិតថា បុគ្គលិកដែលវ័យឆ្លាត
មានជំនាញច្បាស់លាស់ ឬ
មានបទពិសោធន៍ច្រើនឆ្នាំទើបជាមនុស្សមានសក្ដានុពលបំផុតសម្រាប់ការងាររបស់អ្នក។
នេះអាចជាគំនិតល្អមួយ
ប៉ុន្តែរឿងដែលត្រូវយកចិត្តទុកដាក់បំផុតនោះគឺអ្នកមិនចាំបាច់ស្វែងរកបុគ្គលិកល្អឥតខ្ចោះនោះទេ
ពោលគឺស្វែងរកអ្នកណាម្នាក់ដែលត្រូវនឹងជំនាញ ឬ
មានសមត្ថភាពធ្វើការងារដែលអ្នកត្រូវការ។
ទន្ទឹមនឹងនេះបុគ្គលនោះក៏គួរតែជាប្រភេទមនុស្សដែលចូលចិត្តធ្វើការងារជាក្រុម
ឬ ការផ្លាស់ប្ដូរដើម្បីភាពវិជ្ជមាន ខណៈដែលមានមនុស្សឆ្លាត និង មានសមត្ថភាពមួយចំនួនបានមើលរំលងចំណុចទាំងនេះ។
៣) រៀបចំគោលដៅអាជីវកម្មឲ្យច្បាស់លាស់ (Set clear Goals)
មានគោលដៅដ៏ជាក់លាក់ក្នុងរយៈពេលខ្លី និង
រយៈពេលវែងមួយគឺជាកម្មវត្ថុយ៉ាងសំខាន់សម្រាប់គាំទ្រដល់បេសកកម្មរបស់អ្នក
ត្បិតអីវានឹងជួយជំរុញឲ្យក្រុមការងារទាំងមូលអាចធ្វើដំណើរយ៉ាងត្រឹមត្រូវតាមគោលដៅដែលបានកំណត់។
សំនួរដ៏សំខាន់នៅពេលនេះនោះគឺថា តើអ្វីទៅជាគោលដៅអាជីវកម្មរបស់អ្នក? ការសួរបែបនេះដើម្បីឲ្យប្រាកដថា
អ្នកពិតជាចង់សម្រេចវត្ថុបំណងមួយយ៉ាងពិតប្រាកដដែលត្រូវការក្រុមការងារជួយជ្រោមជ្រែង។
សូមចាំថា
គោលដៅអាជីវកម្មខ្នាតតូចរបស់អ្នកអាចជោគជ័យលុះត្រាតែក្រុមការងារទាំងនោះមានឆន្ទៈបំពេញការងារនោះស្របតាមទិសដៅតែមួយបាញ់ឆ្ពោះទៅរកគោលដៅដែលបានកំណត់
បើមិនដូច្នេះទេអាជីវកម្មរបស់អ្នកប្រៀបបានដូចជាទូកនៅកណ្តាលទន្លេដូច្នេះដែរ។
៤) វាយតម្លៃសមិទ្ធផលការងារ (Measure progress)
ការរៀបចំគោលដៅនឹងក្លាយទៅជារឿងមួយគ្មានប្រយោជន៍
ដរាបណាអ្នកមិនបានធ្វើរបាយការណ៍វាយតម្លៃលើសមិទ្ធផលការងាររបស់អ្នក។
គន្លឹះមួយដ៏ខ្លី និង សាមញ្ញងាយស្រួលសម្រាប់ជួយអ្នកនៅទីនេះ
គឺរៀបចំរបាយការណ៍តាមដានការចំណាយ ការអនុវត្តផែនការការងារ និង
សកម្មភាពអនុវត្តការងាររបស់បុគ្គលិកនីមួយៗថា
តើពួកគេទទួលបានសមិទ្ធផលក្នុងកម្រិតណា? ស្របតាមកម្មវត្ថុ ឬ ឆ្ពោះទៅរកគោលដៅដែលបានកំណត់ហើយឬនៅ?
អ្នកត្រូវធ្វើរបាយការណ៍វាយតម្លៃការងារទាំងនេះឲ្យមានតម្លាភាព
និង ប្រសិទ្ធភាព ព្រោះថាចំណុចខ្វះខាត ឬ
ការធ្វេសប្រហែសនឹងជះឥទ្ធិពលជាអវិជ្ជមានលើគោលដៅអាជីវកម្មរបស់អ្នក។
៥) ត្រៀមខ្លួនដោះស្រាយបញ្ហាអាជីវកម្ម (Be prepared to resolve
problems)
មិនចំពោះថាក្រុមហ៊ុនរបស់អ្នកបានបោះជំហានទៅមុខយ៉ាងប្រសើរ
មានបុគ្គលិកល្អៗពូកែៗមានសមត្ថភាពខ្ពស់ ឬ
មានធនធានគ្រប់គ្រាន់យ៉ាងណាក៏ដោយ
បញ្ហាជាច្រើនរមែងកើតមានឡើងចំពោះមុខអាជីវកម្មរបស់អ្នក។ ការពិត
ការតាមដាន ឬ វាយតម្លៃសមិទ្ធផលការងារនៅចំណុចទី៤
ខាងលើវាមានសារសំខាន់ខ្លាំងណាស់ដើម្បីដឹងពីប្រសិទ្ធភាព អនុវត្តការងារនៃក្រុមការងាររបស់អ្នក។
វាអាចបញ្ជាក់បានថា ហេតុអ្វីបានការងារនោះអនុវត្តមិនជោគជ័យ? តើមានគន្លឹះណាខ្លះ អាចដំណោះស្រាយបញ្ហាទាំងនោះបាន?
ជាគោលការណ៍មុននឹងឈានទៅរកដំណោះស្រាយ
អ្នកត្រូវរកឲ្យឃើញឫសគល់នៃបញ្ហា
បន្ទាប់មកលើកយកពិភាក្សាជាមួយក្រុមការងារ
ដើម្បីស្វែងរកច្រកចេញរួមមួយសម្រេចឡើង សម្រាប់ដោះស្រាយបញ្ហានោះ៕