ការទិញលក់របស់របរប្រើប្រាស់ប្រចាំថ្ងៃរាប់តាំងពី
ម៉ូតូ
ឡានរហូតដល់ផ្ទះតែងមានជាប្រចាំក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ ប្រជាពលរដ្ឋមួយចំនួនមានការយល់ដឹងពីតម្លៃ
និងអត្ថប្រយោជន៍នៃការធ្វើកិច្ចសន្យាលក់-ទិញជាលាយលក្ខណ៍ អក្សរព្រមទាំងធ្វើឡើងបានត្រឹមត្រូវតាមច្បាប់ និងនីតិវិធីជាធរមាន
តែមួយចំនួនមិនទាន់បានយល់ច្បាស់ពីចំណុចនេះនៅឡើយ។ លោក នាក់
សើគីរីន សារការី មកពីមន្ទីរសារការីសេដ្ឋាវិទូ
នៃព្រះរាជាណាចក្រកម្ពុជា
ដែលមានបទពិសោធន៍ផ្នែកច្បាប់ស្រាប់ទៅលើបញ្ហានេះនឹងពន្យល់ពីអត្ថប្រយោជន៍នៃការធ្វើកិច្ចសន្យាលក់-ទិញជាលាយលក្ខណ៍អក្សរ
និងនីតិវិធីនៃការផ្ទេរកម្មសិទ្ធិ ដោយសង្ខេប និងយ៉ាងសាមញ្ញ ដើម្បីមានភាពងាយស្រួលយល់សម្រាប់អ្នកអានទូទៅ
។
ដំបូងអ្នកច្បាប់វ័យក្មេង ពន្យល់ពីសារៈសំខាន់នៃការធ្វើកិច្ចសន្យាលក់-ទិញជាលាយលក្ខណ៍អក្សរថា
អាចជួយធានានូវសន្តិសុខទាំងភាគីអ្នកទិញ និងភាគីអ្នកលក់
សម្រាប់ជាភស្តុតាងនៅពេលមានជម្លោះណាមួយកើតឡើង។ លោកលើកឧទាហរណ៍ថា
ភាគីក និងភាគីខ
ជាមនុស្សស្គាល់គ្នាធ្វើការទិញ-លក់ម៉ូតូដោយកិច្ចសន្យាផ្ទាល់មាត់
គ្មានសាក្សី ដោយមិនបានធ្វើឡើងជាលាយលក្ខណ៍អក្សរ
និងមិនបានផ្ទេរកម្មសិទ្ធិត្រឹមត្រូវ។ បើទោះជាបានព្រមព្រៀងគ្នាក្ដី
តែឈ្មោះកម្មសិទ្ធិករ គឺនៅតែជាឈ្មោះរបស់ភាគីកដែលជាអ្នកលក់ដដែល។
ប្រសិនបើភាគីខជ្រុះបាត់កាតគ្រី ហើយត្រូវភាគីករើសបាន
និងទាមទារថាម៉ូតូជាកម្មសិទ្ធិរបស់ខ្លួន នោះភាគីខគ្មានភស្តុតាងដើម្បីបញ្ជាក់ទេ
ព្រោះឈ្មោះដើមនៃប័ណ្ណកម្មសិទ្ធិនៅឈ្មោះភាគីកនៅឡើយ។
នេះជាបញ្ហាដែលគួរឱ្យព្រួយបារម្ភមួយ។
ក្រៅពីធានាសន្តិសុខដល់ភាគីអ្នកទិញ លិខិតលក់-ទិញ
និងផ្ទេរកម្មសិទ្ធិក៏ជួយការពារហានិភ័យដល់ភាគីអ្នកលក់ដែរ។ ឧទាហរណ៍ក្នុងករណី
អ្នកទិញបានប្រើប្រាស់ម៉ូតូនោះធ្វើសកម្មភាពលួចឆក់ប្លន់
ដោយទុកម៉ូតូចោលរត់យករួចខ្លួន
នោះសមត្ថកិច្ចនឹងស្វែងរកឈ្មោះម្ចាស់ដើមម៉ូតូដើម្បីសាកសួរ ចាប់ខ្លួន
ឃុំឃាំង និងផ្ដន្ទាទោសជាដើម។ បើសិនជាភាគីម្ចាស់ម៉ូតូមានសាក្សី
មានលិខិតស្នាមគ្រប់គ្រាន់នោះមិនបញ្ហាទេ
តែបើមិនមាននឹងត្រូវប្រឈមនឹងការចោទប្រកាន់ជាអាទិ៍ ។
ហើយទម្រាំរកឃើញថាគ្មានទោស
គាត់បានខាតបង់ពេលវេលាអស់ជាច្រើនរួចទៅហើយ។ ជារួម
បើមានលិខិតលក់-ទិញ និងផ្ទេរកម្មសិទ្ធិត្រឹមត្រូវគាត់មិនចាំបាច់ត្រូវខាតបង់ពេលវេលា
និងឈឺក្បាលលើបញ្ហានេះទេ។
អ្នកច្បាប់ដដែលណែនាំថា
ចំពោះការធ្វើលិខិតលក់-ទិញគួរបំពេញលក្ខខណ្ឌទម្រង់ឱ្យបានត្រឹមត្រូវ
ជាពិសេស ការលក់-ទិញអចលន ទ្រព្យ។ អនុលោមតាម ក្រមរដ្ឋប្បវេណីថ្មីរបស់កម្ពុជា
ឆ្នាំ២០០៧
កិច្ចសន្យាលក់-ទិញអចលនទ្រព្យចាំបាច់ត្រូវធ្វើឡើងដោយលិខិតយថាភូតរបស់សារការីទើបអាចទទួលបានអនុភាពតាមផ្លូវច្បាប់។
លោកបានរៀបរាប់នៃនីតិវិធីលក់-ទិញ
និងការផ្ទេរកម្មសិទ្ធិដោយសង្ខេបដូចខាងក្រោម៖
ចំពោះអចលនទ្រព្យ
(មានប័ណ្ណកម្មសិទ្ធិសំគាល់ម្ចាស់អចលនទ្រព្យ)៖
- ការស្វែងរកការបញ្ជាក់អំពីម្ចាស់កម្មសិទ្ធិពិតប្រាកដ
និងការមានបន្ទុកលើកអចលនទ្រព្យ ។
- ការធ្វើកិច្ចសន្យាលក់-ទិញជាគោលការណ៍ដោយលិខិតយថាភូតដោយបញ្ជាក់អំពីដំណាក់កាលនៃការទូទាត់លុយ
និងការបំពេញបែបបទ និងនីតិវិធីផ្ទេរកម្មសិទ្ធិ ជាដើម ។
- បំពេញបែបបទផ្ទេរកម្មសិទ្ធិ
ដោយធ្វើលិខិតលក់ផ្ដាច់ និងការចុះបញ្ជីផ្ទេរកម្មសិទ្ធិ
(ចុះហត្ថលេខា/ផ្ដិតស្នាមមេដៃដោយគូភាគីទាំងសងខាង) ចំពោះមុខមន្ត្រីមូលដ្ឋាន
ឬសារការី និងដោយមន្ត្រីសុរិយោដី។
- បង់ពន្ធប្រថាប់ត្រា ៤%
នៃតម្លៃអចលនទ្រព្យសរុប
- ការទទួលបានប័ណ្ណកម្មសិទ្ធិក្នុងឈ្មោះអ្នកទិញ
ចំពោះចលនទ្រព្យ (ម៉ូតូ រថយន្ត)៖
- ពិនិត្យមើលប័ណ្ណសំគាល់យានយន្ត និង/ឬឯកសារពាក់ព័ន្ធដើម្បីបញ្ជាក់ភាពច្បាស់លាស់
នៃម្ចាស់យានយន្ត
- ធ្វើកិច្ចសន្យាលក់-ទិញជាលាយលក្ខណ៍អក្សរ
- ធ្វើលិខិតផ្ទេរកម្មសិទ្ធិយានយន្ត
(ចុះហត្ថលេខាដោយគូភាគីទាំងសងខាង) ជាមួយអាជ្ញាធរមូលដ្ឋាន
និងមន្ទីរសាធារណការ និងដឹកជញ្ជូន។
- បង់ពន្ធប្រថាប់ត្រា ៤% នៃតម្លៃយានយន្ត
- ទទួលយកប័ណ្ណសំគាល់យានយន្តក្រោមឈ្មោះអ្នកទិញពីមន្ទីរសាធារណការ
និងដឹកជញ្ជូន