ទីផ្សារ​ការងារ​នៅ​កម្ពុជា​បច្ចុប្បន្ន​កំពុង​តែ​ប្រកួត​ប្រជែង​ដែល​យុវជន​មួយ​ចំនួន​បាន​ត្អូញ​ត្អែរ​ថា រក​ការងារ​មិន​បាន​រី​ឯ​ខ្លះ​ទៀត​ថា​មិន​ពិបាក​ទេ​ប៉ុន្ដែ​មិន​អាច​រក​មាន​រក​បាន​ដោយ​សារ​តែ​ធ្វើ​ការ​ឲ្យ​គេ​នោះ​ឡើយ​។ ថ្វី​ដ្បិត​តែ​យុវជន​យើង​មិន​អាច​ក្លាយ​ជា​អ្នក​មាន​ទ្រព្យ​ធន​ហូរហៀរ​តាម​រយៈ​ការ​បម្រើ​ការងារ​ឲ្យ​អ្នក​ដទៃ តើ​ពួកគេ​ធ្វើ​ការ​ដើម្បី​ឲ្យ​តែ​មាន​ការងារ ឬ​ក៏​ដើម្បី​យក​តែ​ប្រាក់​ខែ​? តើ​គំនិត​បែប​នេះ អាច​ជំរុញ​ឲ្យ​ពួក​គេ​ទទួល​បាន​ជោគ​ជ័យ​ដែរ​ឬទេ?
យុវជន​លី​ដែន ជា​បុគ្គលិក​បម្រើ​ការងារ​ផ្នែក​លក់​នៅ​ក្រុមហ៊ុន​មួយ​បាន​ឲ្យ​ដឹង​ថា ការងារ​សព្វ​ថ្ងៃ​របស់​លោក​មិន​សម​ស្រប​នឹង​ជំនាញ​ឡើយ ប៉ុន្ដែ​ដោយ​សារ​តែ​កត្ដា​ជីវភាព​លោក​គ្រាន់​តែ​ធ្វើ​ការ​យក​ប្រាក់​ខែ​ប៉ុណ្ណោះ​ហើយ​នៅ​បន្ដ​រង់ចាំ​ការងារ​ជំនាញ​របស់​លោក​មក​ដល់​។
ស្រដៀង​គ្នា​នេះ​ដែរ កញ្ញា នង រ័ត្ន​ថា​មិន​អាច​តស៊ូ​ក្រាញ​ននៀល​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​តែ​មួយ​បាន​ទេ ហើយ​ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​និង​ប្រាក់​បៀវត្សរ៍​ខ្ពស់​កញ្ញា​ត្រូវ​ខ្នះ​ខ្នែង​រក​ការងារ​នៅ​អង្គភាព​ឯកជន ឬ​ការ​ងារ​ក្រៅ​ម៉ោង​ដទៃ​ទៀត​។
បញ្ហា​ការងារ​ដែល​បុគ្គលិក​មួយ​ចំនួន​មិន​ខ្វល់​ខ្វាយ​ចំពោះ​ក្រុមហ៊ុន​នេះ​លោក​គឹមហ៊ាត​សេរីវុធ​ជា​វិនិយោគិន​ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹង​ក្នុង​កម្មវិធី​អភិវឌ្ឍន៍​ផ្នត់​គំនិត​សហគ្រិន​នៃ​វិទ្យុ​ស្រ្តី​កម្ពុជា​FM102​MHz​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១១ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ​ថា​បច្ចុប្បន្ន​លោក​មិន​ខ្វះ​ការងារ​សម្រាប់​បុគ្គលិក​ទេ។​ប៉ុន្ដែ​វា​ចោទ​ត្រង់​ថា​លោក​ពិបាក​ជ្រើស​រើស​បុគ្គលិក​ពីព្រោះ​លោក​មើល​ឃើញ​ថា បុគ្គលិក​មួយ​ចំនួន​មក​ធ្វើ​ការ​ដើម្បី​តែ​ប្រាក់​ខែ​ប៉ុណ្ណោះ​ពួកគេ​មិន​គិត​ថា វា​គឺជា​ឆ្នាំង​បាយ​របស់​ខ្លួន​និង​ពន្លឺ​សម្រាប់​ពេល​អនាគត​ឡើយ​។
ជុំវិញ​ចំណោទ​បញ្ហា​នេះ​អ្នក​ជំនាញ​ផ្នែក​អភិវឌ្ឍ​ធនធាន​មនុស្ស​ជាង​១២ឆ្នាំ​និង​ជា​សហគ្រិន​វ័យ​ក្មេង​ដ៏​ជោគជ័យ​ម្នាក់​នា​ពេល​បច្ចុប្បន្ន​ដែល​ជា​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិក្សា​ដើម្បី​ជោគជ័យ​លោក​ឃីម​សុខហេង​បាន​ពន្យល់​ថា​តាម​បទ​ពិសោធ​និង​តាម​រយៈ​ការ​ស្រាវ​ជ្រាវ​របស់​លោក​ដើម្បី​សម្រេច​បាន​នូវ​ជោគ​ជ័យ​យើង​ត្រូវ​មាន​គោល​ដៅ​ច្បាស់​លាស់​ហើយ​ត្រូវ​តែ​ខំ​ប្រឹង​ធ្វើ​ការងារ​របស់​ខ្លួន​ឯង​ដែល​កំពុង​តែ​មាន​ឲ្យ​បាន​ល្អ​បំផុត​។
ចំពោះ​ករណី​លោក​លី​ដែន​វិញ​អ្នក​ជំនាញ​យើង​យល់​ឃើញ​ថា​វា​ជា​ករណី​មួយ​ដែល​ពិបាក​នឹង​សម្រេច​បាន​នូវ​បំណង​ប្រាថ្នា​របស់​គាត់​ណាស់​ព្រោះ​គាត់​ភ្លេច​ថា​បច្ចុប្បន្ន​គាត់​កំពុង​តែ​លក់​សេវា​របស់​ខ្លួន​ដើម្បី​បណ្តុះ​ជំនាញ​ទំនុក​ចិត្ត​និង​ទំនាក់​ទំនង​នៅ​ពេល​អនាគត​។
លោក​ហេង​សួគ៌​ជា​អគ្គនាយក​នៃ​នាយក​ដ្ឋាន​រដ្ឋបាល​និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​បាន​ពន្យល់​ថែម​ទៀត​ថា​ទីផ្សារ​កាងារ​មាន​ច្រើន​បែប​ច្រើន​យ៉ាង​ណាស់ វា​អាស្រ័យ​លើ​ក្រុម​យុវជន​ដែល​យើង​ចង់​សំដៅ​រក​។​សម្រាប់​យុវជន​ដែល​ជ្រើស​រើស​ឧត្តម​សិក្សា​មាន​លក្ខណ​ចង្អៀត​បន្តិច​ពីព្រោះ​តាម​ស្ថិតិ​បង្ហាញ​ថា​អត្រា​អត់​ការងារ​ធ្វើ​ក្នុង​ចំណោម​អ្នក​ដែល​បាន​រៀន​ចប់​ឧត្តម​សិក្សា​ក្នុង​ទីក្រុង​ខ្ពស់​ជាង​មធ្យម​ភាគ​នៃ​អ្នក​អត់​មាន​ការងារ​ធ្វើ​នៅ​ទូទាំង​ប្រទេស​។​មូលហេតុ​ទាស់​ត្រង់​តម្រូវ​ការ​ជំនាញ​ទីផ្សារ​ការងារ​ក៏​ដូចជា​គម្រោង​វិនិយោគ​ថ្មី​មិន​មាន​តម្រូវ​ការ​លើ​ជំនាញ​ដែល​យុវជន​កំពុង​រៀន​ទេ​។
លោក​បាន​បញ្ជាក់​ថា​៖​ «យុវជន​ខ្វះ​ភាព​ជឿជាក់​និង​ការ​បត់បែន​តាម​បរិយាកាស​ការងារ​ឬ​មជ្ឈដ្ឋាន​ដែល​នៅ​ជុំវិញ​ខ្លួន​។​យុវជន​ត្រូវ​ខិត​ខំ​ស្រាវជ្រាវ​រៀន​សូត្រ​ពី​ជំនាញ​ទន់​ដូចជា​ការ​ដោះ​ស្រាយ​បញ្ហា​ការងារ​ជា​ក្រុម​ការ​ធ្វើ​បទ​បង្ហាញ​ចំណេះដឹង​ទូទៅ​ស្តី​ពី​ចរិត​លក្ខណៈ​របស់​មនុស្ស​របៀប​របប​ធ្វើ​ការ​និង​វិន័យ​ក្នុង​កន្លែង​ធ្វើ​ការ​ជាដើម​»
លោក​ឃីម​សុខ​ហេង​បន្ត​ថា​ដើម្បី​ឲ្យ​ងាយ​យល់​លោក​បែង​ចែក​បុគ្គលិក​ជា​៣​ប្រភេទ​ធំៗ​ដាច់​ពី​គ្នា​ដែល​ប្រភេទ​ទី១​គឺ​ជា​បុគ្គលិក​ធ្វើ​ការ​តែ​៥០​ភាគ​រយ​នៃ​ប្រាក់​ខែ​របស់​គាត់។​គាត់​ធ្វើការ​គ្រាន់​តែ​ធ្វើ​ឲ្យ​តែ​បាន​ហើយ​តែង​តែ​រំពឹង​ថា​ចាំ​មេ​ដំឡើង​ប្រាក់​ខែ​ឲ្យ​សិន​ទើប​ខិត​ខំ​តាម​ក្រោយ​។ ចំពោះ​បុគ្គលិក​ប្រភេទ​ទី​២ ពួកគេ​ធ្វើ​ការងារ​ស្មើ​នឹង​ប្រាក់​ខែ​ចំណែក​ឯ​បុគ្គលិក​ប្រភេទ​ចុង​ក្រោយ ពួកគាត់​ខិត​ខំ​ធ្វើ​ការងារ​ដូច​ខ្លួន​ឯង​ជា​សហគ្រិន​អ៊ីចឹង​។ ថ្វី​ដ្បិត​តែ​ពួក​គាត់​ទទួល​បាន​ប្រាក់​ខែ​ត្រឹម​តែ​១០០​ដុល្លារ​ក៏ដោយ ក៏​ពួក​គាត់​ខំ​ធ្វើ​ការ​ស្មើ​អ្នក​មាន​ប្រាក់​ខែ ២០០ ឬ​៣០០​ដុល្លារ​ដែរ។ ពួក​គេ​បំពេញ​ការងារ​មិន​រង់ចាំ​តែ​ពេល​ឈប់​សម្រាក​នោះ​ទេ​។ បុគ្គលិក​ប្រភេទ​នេះ ប្រាកដ​ជា​ទទួល​បាន​ជោគ​ជ័យ​សម្រាប់​អាជីព​ការងារ​នា​ពេល​អនាគត​។
យ៉ាង​ណាមិញអ្នក​ស្រី​ប៉ែន​បុប្ផា​ជា​អ្នក​គ្រប់​គ្រង​វគ្គ​បណ្តុះ​បណ្តាល​OPERACY​នៃ​អង្គការ​hedc​អន្តរ​ជាតិ​ជា​អង្គការ​បណ្តុះ​ធនធាន​មនុស្ស​បាន​ឲ្យ​ដឹង​ថា​សម្រាប់​អ្នកស្រី​ផ្ទាល់​អ្នកស្រី​ធ្វើ​ការងារ​ផ្ដោត​ទៅ​លើ​គោលដៅ​អនាគត​ជា​ជាង​ប្រាក់ខែ​បច្ចុប្បន្ន ដោយ​សារ​តែ​បទ​ពិសោធ​និង​ទំនាក់​ទំនង​ល្អ​ក្នុង​សង្គម​ដែល​អាច​នាំ​អ្នក​ស្រី​កាន់​តែ​ទទួល​បាន​ជោគជ័យ​។
បទ​ពិសោធ​ការងារ​ពី​ប្រាក់​ខែ​ពី​៥០ដុល្លារ​រហូត​ដល់​៥០០០​ដុល្លារ ​ក្នុង​១ខែ​លោក​ឃីម​សុខ​ហេង​បាន​បញ្ជាក់​ទៀត​ថា ការ​ពិត​ទៅ​ដើម្បី​ជោគ​ជ័យ​យុវជន​គួរ​មាន​គំនិត​ជា​បុគ្គលិក​ប្រភេទ​ទី៣​ខាង​លើ​។ បើ​ទោះ​ជា​បច្ចុប្បន្ន​លោក​មិន​ទាន់​មាន​ដើម​ទុន​ដើម្បី​ប្រកប​ជំនួញ​ខ្លួន​ឯង​ក៏​ដោយ​ប៉ុន្តែ​ធ្វើ​ការ​ងារ​ល្អ​យក​ចិត្ត​ទុក​ដាក់​ទំនាក់​ទំនង​ក្នុង​សង្គម​គឺ​ជា​ដើម​ទុន​រស់​មួយ​សម្រាប់​យុវ​ជន​ប្រកប​អាជីវកម្ម​ទៅ​ថ្ងៃ​មុខ​។
ដូច​មាន​ពាក្យ​មួយ​ថា​គុណភាព​នៃ​ការ​គិត​របស់​យើង​នឹង​បង្ហាញ​ពី​គុណភាព​នៃ​ជីវិត​របស់​យើង​៕
Labels:

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.