បើ​បកស្រាយ​តាម​ភាសា​ចិន​ពាក្យ ហុង ស៊ុយ​ ពីរ​ម៉ាត់​នេះ​មានន័យ​ពិត​ថា ខ្យល់ និង​ទឹក តែ​តាម​ការពិត​ពាក្យ​នេះ​បាន បង្កប់ន័យ​ដ៏​ទូលំទូលាយ និង​អរូបី​ច្រើនជាង​នេះ ដោយ​មិន​សំដៅទៅ​នឹង​ន័យ​ដើម​របស់​វា​នោះទេ។​

ហុងស៊ុយ​ត្រូវបាន​គេ​និយាយ​សំដៅ​ទៅលើ​ថាមពល​របស់​បរិស្ថាន​ជុំវិញ​ទៅលើ​ជីវិត​របស់​មនុស្ស។ ហេតុនេះ​ការសិក្សា​ពី​ហុងស៊ុយ គឺជា​ការសិក្សា​ពី​ថាមពល​របស់​បរិស្ថាន​ជុំវិញ​ទៅលើ​គ្រប់​ទម្រង់​នៃ​ជីវិត ឬ​ជោគវាសនា​របស់​មនុស្ស​នេះឯង។​
ចុះ​ថាមពល​នោះ​គឺជា​អ្វី ? ថាមពល​នោះ​គឺជា​កម្លាំង​អរូបី​ម្យ៉ាង  ដែល​គេ​មិនបាន​កំណត់​ន័យ​ឱ្យបាន​ច្បាស់លាស់​ថា ជា​ថាមពល​ម៉ាញ៉េ​ទិច ជា​ពន្លឺ ជា​ខ្យល់ ជា​រលក ធាតុអាកាស ជា​សំឡេង ឬ​ជា​អ្វី​ផ្សេង​ឱ្យបាន​ជាក់លាក់​ឡើយ នៅក្នុង​ក្បួន​បុរាណ​ចិន ។ ថាមពល​អរូបី​នេះ​អាច​កើតចេញ​ពីអ្វីៗ​គ្រប់យ៉ាង​ដែល​នៅ​ជុំវិញខ្លួន​មនុស្ស​យើង សូម្បីតែ​វត្ថុ​គ្មាន​ជីវិត​ក៏​អាចមាន​ឥទ្ធិពល​ទៅលើ​មនុស្ស និង​បរិស្ថាន ជុំវិញ​ដែរ។ ថាមពល​ទាំងនោះ​អាច​ជះ​លទ្ធផល​ពីរបែប គឺ​អាក្រក់ និង​ល្អ ទៅលើ​ដំណើរ​ប្រព្រឹត្តទៅ​នៃ​ជីវិត​សត្វលោក។ ឧទាហរណ៍​ជាក់ស្តែង និង ងាយ​យល់​បំផុត​មួយ​សម្រាប់​លោកអ្នក​ពិចារណា​គឺ នៅពេលដែល​កន្លែង​រស់​នៅ​មួយ​ពោរពេញ​ទៅដោយ​ក្លិនស្អុយ និង​ខ្យល់អាកាស​អាប់អួ គេ​អាច​និយាយបានថា កន្លែង​នោះ​គ្មាន​ហុងស៊ុយ​ល្អ ហើយ​អ្នករស់នៅ​ទីនោះ​នឹង​ជួបប្រទះ​បញ្ហា​ផ្សេងៗ​ច្រើន រួមទាំង​បញ្ហា​សុខភាព ហេតុនេះ​គេ​ត្រូវ តែ​ប្រែ​ទីកន្លែង​រស់នៅ​នោះ​ដើម្បី​ធ្វើឱ្យ​ស្ថានភាព​ជីវិត​ប្រចាំ​ថៃ្ង​មាន​លក្ខណៈ​ល្អប្រសើរ​ឡើងវិញ។​
ថាមពល​ទាំងអស់នោះ​ប្រែប្រួល​ទៅតាម​ពេលវេលា ទីកន្លែង និង សកម្មភាព​នានា ដោយមាន​ឥទ្ធិពល​ទៅលើ​ផែនដី ទៅលើ​ទីកន្លែង​មួយ ទៅលើ​អ្វីមួយ និង​ទៅលើ​មនុស្ស​ម្នាក់ៗ ដោយឡែកៗ​ពីគ្នា។ បើ​និយាយ​ចំពោះតែ​មនុស្ស ថាមពល​អរូបី​ទាំង នោះ​ជះឥទ្ធិពល​ទៅលើ​វាសនា​មនុស្ស​នីមួយៗ​ខុសៗ គ្នា ទៅតាម​ពេលវេលា​ដែល​មនុស្ស​កើត។ នេះ​មានន័យថា ពេលដែល មនុស្ស​ម្នាក់ៗ​ចាប់កំណើត​ឡើង គេ​មានជោគ​វាសនា​កំណត់​រួចជាស្រេច​នៅក្នុង វេលា​កាលបរិច្ឆេទ​ដែល​គេ​កើត ដោយ សារ​តែ​ឥទ្ធិពល​របស់​ថាមពល​អរូបី​នោះ។ ដោយ​ហេតុផល​បែបនេះ ការសិក្សា​ពី​ហុងស៊ុយ​មិន​ត្រឹមតែ​អាចជា​ការសិក្សា​រៀបចំ​បរិស្ថាន​ជុំវិញ​មនុស្ស ដើម្បី​ឱ្យមាន​ថាមពល​ប្រសើរ​កើតឡើង​ចំពោះ​មនុស្ស​នោះទេ តែ​ថែមទាំង​ជាការ​ទស្សន៍ទាយ​ដឹង​អំពី​សភាព​ប្រចាំឆ្នាំ​នីមួយៗ ដោយសារតែ​ឥទ្ធិពល​របស់​ថាមពល​មើលមិនឃើញ​ចំពោះ​ពិភពលោក និង​អាច​ដឹង​អំពី​ជោគជតារាសី​ប្រចាំជីវិត​របស់​មនុស្សម្នា​ក់ៗ និង​ប្រចាំឆ្នាំ ប្រចាំខែ ប្រចាំ​ថៃ្ង សូម្បីតែ​ប្រចាំ​នាទី និង​វិនាទី​សម្រាប់​មនុស្ស​ម្នាក់​នោះ​ថែម​ទៀតផង។​
ជាទូទៅ ជនជាតិ​ចិន​ក៏​ជឿ​លើ​វាសនា​ដែរ មានន័យថា វាសនា​គឺជា​ការកំណត់​អ្វីៗ​ទាំងអស់​នៅក្នុង​ជីវិត​របស់គេ ប៉ុន្តែ​ក្រៅពី​នោះគេ​នៅ​ជឿ​ទៅលើ​ហុងស៊ុយ និង​សកម្មភាព​របស់គេ ក្នុងការ​កំណត់​ជីវិត​របស់គេ​ដែរ នេះ​គឺជា​ការគិត​បែប​វិជ្ជមាន​មួយ​ដែល​ធ្វើ ឱ្យគេ​ខិតខំ​ជម្នះ​លើ​ឧបសគ្គ​នានា​ដើម្បី​ជីវិត​ដ៏​ប្រសើរ។ នៅក្នុង​នោះ​ហុង ស៊ុយ អាច​ឱ្យគេ​ដឹង​អំពី​ជោគជតារាសី វាសនា​គេ ប៉ុន្តែ​គេ​ក៏​អាច​ប្រើប្រាស់​ការសិក្សា​ពី​ហុងស៊ុយ​នេះ ដើម្បី​កែប្រែ​វាសនា​របស់គេ​ឱ្យ​ល្អប្រសើរ​បានដែរ ទាំង​ផ្នែក​ទ្រព្យ សំណាង សុខភាព គ្រួសារ ជីវិត ការងារ និង​រឿងរ៉ាវ​ជាច្រើន​ទៀត ដោយ​ការបង្កើត​និង​កែប្រែ ឱ្យមាន​ថាមពល​ល្អប្រសើរ​ទៅតាម​ការចង់បាន។​

តាម​ទស្សនៈ​ហុងស៊ុយ ការរៀបចំ​ដំណើរ​ជីវិត​បានល្អ និង​ប្រកបដោយ​ប្រសិទ្ធភាព វា​មិន​អាស្រ័យទៅលើ​តែ​សមត្ថភាព​ចំណេះ ដឹង​ឬ​ទេពកោសល្យ​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ ថាមពល​ផ្លូវចិត្ត ឬ​យើង​ហៅ​ដោយ​សាមញ្ញ​ថា កម្លាំងចិត្ត ពិតជា​កត្តា​ដែល​ពុំ​អាច​កាត់ ផ្តាច់ និង​ខ្វះ​បានឡើយ សម្រាប់​មនុស្ស​ម្នាក់ៗ​ក្នុង​លំនាំ​ជីវិត​នៃ​ការរស់នៅ។​
ក្នុង​ចក្ររាសី​នៃ​សត្វ​ទាំង​១២ វា​ពិត​ជាមាន​ទំនាក់ទំនង នឹង​ហុងស៊ុយ ឧបមា​ថា​ឆ្នាំខាល ២០១០​ខាងមុខ គឺជា​រយៈពេល​ដ៏​តានតឹង និង​អស្ថិរភាព​បំផុត។ រាល់​មុខរបរ ជួញដូរ និង​ការប្រកប​ការងារ​ទាំង​ឡាយ​នឹង​ជួបប្រទះ​នូវ​ឧបសគ្គ​ច្រើន ក៏ប៉ុន្តែ លក្ខណៈ​ទាំងអស់នេះ​មិនមែន​កើត មាន​ឡើង​ចំពោះ​មនុស្ស​ទូទៅ​នោះទេ។ មាន​បុគ្គល​ដែល​កើត​ក្នុង​ចក្ររាសី​សត្វ​ទាំង​១២​ខ្លះ ដែល​នឹង​ទទួលបាន​នូវ ឱកាស​ទទួលបាន​នូវ​លាភ​សំណាង​ដល់​កំពូល ពី​ព្រោះតែ​ឆ្នាំខាល​២០១០ ខាងមុខ​មាន​បង្កប់​នូវ​ឱកាស​មាស​ជាច្រើន​សម្រាប់​ពួកគេ។​

ប៉ុន្តែ​ចំពោះ​បុគ្គល​ក្នុង​ចក្ររាសី​សត្វ​ខ្លះទៀត​ដែលមាន​រាសី​មិនសូវ​ល្អ នៅក្នុង​ឆ្នាំខាល​ខាងមុខនេះ​គេ​អាច​ប្រើ ប្រាស់​នូវ​ក្បួន​ហុងស៊ុយ ដើម្បី​ជម្នះ​និង​បញ្ចៀស​ឧបសគ្គ ឬ​សំណាងអាក្រក់​ទាំងឡាយ​និង​បញ្ហា​ផ្សេងៗ​ដែល​អាច​កើតមាន និង​ការបង្កើន​នូវ​ជោគ​សំណាង​របស់គេ​ទៅ តាម​អាយុ​និង​ប្រភេទ​ចក្ររាសី​សត្វ​របស់គេ​រៀងៗ​ខ្លួន​បាន​យ៉ាង​ប្រសើរ​៕

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.