វៀតណាមធ្លាប់ឆ្លងកាត់សង្គ្រាមអស់រយៈពេលជាច្រើនទសវត្ស
និងបានប្រឈមនឹងស្ថានភាពពិបាកច្រើន។ កាលពីទសវត្សទី ៨០ វៀតណាមស្ថិតក្នុងចំណោមប្រទេសក្រីក្របំផុតនៅក្នុងពិភពលោកប្រហាក់ប្រហែលនឹងបណ្ដាប្រទេសក្រីក្របំផុតនៅទ្វីបអាហ្វ្រិក។
ប៉ុន្តែវៀតណាមបានផ្លាស់ប្ដូរមុខមាត់ជាបណ្ដើរៗ។ ជាពិសេស
បន្ទាប់ពីថ្នាក់ដឹកនាំវៀតណាមជំនាន់ក្រោយៗ
ហើយបានកែសម្រួលនយោបាយការបរទេសរបស់ខ្លួន
ហើយបានរិះរកវិធីពង្រឹងចំណងទាក់ទងជាមួយសហរដ្ឋអាមេរិក
ដែលជាមហាយក្សសេដ្ឋកិច្ចពិភព លោក។ចាប់ពីពេលវៀតណាម
និងសហរដ្ឋអាមេរិកបានធ្វើប្រក្រតីកម្មលើទំនាក់ទំនងការទូតកាលពីឆ្នាំ១៩៩៥
រហូតមកទល់នឹងពេលនេះ
ទំហំវិនិយោគផ្ទាល់ពីវិនិយោគិនអាមេរិកទៅវៀតណាមបានកើនឡើងក្នុងទំហំទឹកប្រាក់យ៉ាងធំធេង។
ទំហំវិនិយោគរបស់សហរដ្ឋអាមេរិកទៅវៀតណាមកើនឡើងដល់ ១១ ពាន់លានដុល្លារ។
នយោបាយការបរទេសត្រូវបានកែប្រែ។ វៀតណាម
និងសហរដ្ឋអាមេរិកដែលធ្លាប់ជាគូបដិបក្ខនៅក្នុងសង្គ្រាមវៀតណាម
និងសង្គ្រាមឥណ្ឌូចិន បានខិតជិតគ្នា ដើម្បីស្វែងរកផលប្រយោជន៍រៀងខ្លួន។
វៀតណាមមិនសូវចុះសម្រុង ឬមិនចង់រណបប្រទេសចិន
ហើយចង់បានសហរដ្ឋអាមេរិកជាខ្នងបង្អែក។
សហរដ្ឋអាមេរិកមិនចង់ឲ្យប្រទេសចិនវ៉ាងទីម្នាក់ឯងនៅអាស៊ាន។ ដូចនេះ
អាមេរិកក៏ត្រូវការវៀតណាមជាសម្ព័ន្ធមិត្តដើម្បីទប់ទល់នឹងចិន។ ខាងក្រោមនេះជាចំណុចខ្លះៗដែលលោកអ្នកគួរស្វែងយល់អំពីសេដ្ឋកិច្ច
និងនយោបាយរបស់ប្រទេសកុម្មុយនិស្តមួយនេះ។
១- នៅក្នុងដំណើរបំពេញទស្សនកិច្ចរបស់លោកទៅកាន់សហរដ្ឋអាមេរិក
ប្រធានាធិបតី ទ្រឿងតាន់សាង (Truong Tan Sang) មានប្រសាសន៍ថាប្រទេសវៀតណាម
និងសហរដ្ឋអាមេរិកក៏ដូចជាបណ្ដាប្រទេសអាស៊ានដទៃទៀតត្រូវការសហការគ្នាដើម្បីផលប្រយោជន៍រួម (common interests) និងពង្រឹងតួនាទី ឋានៈ ឯកភាព និងសហមតិ (consensus)នៅក្នុងក្របខ័ណ្ឌអាស៊ាន។
២- ប្រសិនបើគេនិយាយអំពីវិស័យសេដ្ឋកិច្ចគឺប្រទេសវៀតណាមនៅក្មេងខ្ចីនៅឡើយទោះបីវៀតណាមមានលក្ខណៈសម្បត្តិជាប្រទេស កំពុងមានសម្ទុះសេដ្ឋកិច្ច (emerging
economy) ឬប្រទេសកំពុងអភិវឌ្ឍខ្លាំង។
៣- រដ្ឋបានអនុញ្ញាតឲ្យធនាគារកម្រិតអន្តរជាតិចូលទៅបើកសាខានៅក្នុងប្រទេសវៀតណាមចាប់ពីឆ្នាំ១៩៩៥
រៀងមក។ វិស័យសហគ្រាសតូច/ធំក៏ចាប់ផ្ដើមរីកដុះដាលជាបណ្ដើរៗ។
៤- សព្វថ្ងៃនេះ
ជនជាតិវៀតណាមសម័យថ្មីឆាប់ទទួលយកការរីកចម្រើនខាងបច្ចេកវិទ្យាថ្មីៗ
ដើម្បីដើរឲ្យទាន់ដំណើរវិវត្តនៃសម័យសកលភាវូបនីយកម្ម។
បច្ចេកវិទ្យាទូរគមនាគមន៍ឥតខ្សែ (wireless telecommunication) រីកចម្រើនលឿនជាងការព្យាករណ៍ទៅទៀត។
វិស័យដែលត្រូវការការវិនិយោគក្នុងកម្រិតខ្ពស់មានដូចជា ៖
វិស័យផលិតថាមពលអគ្គិសនី និងថាមពលចំហេះដទៃទៀត (energy) - វិស័យទូរគមនាគមន៍ និងមធ្យោបាយដឹកជញ្ជូន – វិស័យផ្គត់ផ្គង់ទឹកស្អាត។ល។
៥- រដ្ឋបានធ្វើកំណែទម្រង់លើវិស័យសេដ្ឋកិច្ចជាតិ
ដូចជា៖ កំណែទម្រង់វិស័យហិរញ្ញវត្ថុ
និងនយោបាយបើកទូលាយជើងមេឃដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេសចូលទៅបណ្ដាក់ទុនរកទទួលទាននៅវៀតណាម។
ចាប់តាំងពីឆ្នាំ២០០០ រៀងមក វៀតណាមស្គាល់ការរីកលូតលាស់សេដ្ឋកិច្ចក្នុងរង្វង់
៧% ក្នុងមួយឆ្នាំៗ។
៦- អំពីសារៈសំខាន់នៃទំនាក់ទំនងក្នុងតំបន់
និងអន្តរជាតិ ៖
គេរំពឹងថាទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសវៀតណាមជាមួយសមាគមន៍អាស៊ាន
ក៏ដូចជាក្នុងក្របខ័ណ្ឌអន្តរជាតិ នឹងរីកចម្រើន ដោយសារមានការជួយជ្រោមជ្រែងពីវិស័យនយោបាយការទូត។
នៅពេលដែលអាស៊ានធ្វើសមាហរណកម្មសេដ្ឋកិច្ច និងទីផ្សារនាពេលខាងមុខ
វៀតណាមនឹងមានឱកាសវាយលុកចូលទីផ្សារអាស៊ានដែលមានប្រជាពលរដ្ឋជាង ៥០០
លាននាក់។ ក្រៅពីនោះ «ភាពជាដៃគូអន្តរ ប៉ាស៊ីហ្វិក – Trans-Pacific Trade Partnership» ដែលអាចនឹងចេញជារូបរាងនាពេលខាងមុខ
នឹងហុចឱកាសឲ្យវៀតណាមអាចស្រូបទាញវិនិយោគិនពីបណ្ដាប្រទេសនៅអាមេរិកឡាទីន៕